ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសំណេះសំណាលជាមួយកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។
ឯកឧត្តម រដ្ឋមន្ត្រី ពិតជារីករាយដែលបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូរសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែម ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ៕

