សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កុំបំប៉ោងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយព័ត៌មានមិនពិត!

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារខ្លីមួយតាមបណ្ដាញសង្គមពីទីក្រុងនីស ប្រទេសបារាំង បន្ទាប់ពីក្រសួងការពារជាតិបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់​លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ « រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។

ក្រៅពីនេះ សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសន្និសីទរបស់UN ស្តីពីមហាសមុទ្រលើកទី៣ នៅប្រទេសបារាំង រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា៕