អ្នកឧកញ៉ា ម៉ៅ ចំណាន លើកទឹកចិត្តឱ្យសិល្បករចូលរួមបរិច្ចាគឈាមឱ្យបានច្រើន

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកទឹកចិត្ត ឱ្យសិល្បករសិល្បការិនី ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ​ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះឡើយ ។

ការលើកទឹកចិត្តរបស់អ្នកឧកញ៉ា បែបនេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមស្តីពី « កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្រ្គោះជីវិត » ក្រោមប្រធានបទ « តំណក់ឈាមសិល្បករបន្តជីវិតនិងស្នាមញញឹម » កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងមកនេះដោយមានការចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យ រួមជាមួយសិល្បករសិល្បការិនីប្រមាណ១៥០នាក់ ។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍ថា តាមការស្រាវជ្រាវបែបវិជ្ជសាស្រ្ត ការបរិច្ចាគឈាមពិតជាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្សឡើយ ផ្ទុយទៅវិញយើងនៅតែមានសុខភាពល្អធម្មតាថែមទាំងបានទទួលអត្ថប្រយោជន៍ជាច្រើន ។ ដូច្នេះការចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្សពិតជាមានសារៈសំខាន់ណាស់ ។ សម្រាប់ការចាប់ដៃសហការគ្នានេះនឹងញុំាងឱ្យមានភាពវិជ្ជមានលើសពីអនុស្សរណៈ ពោលគឺពួកយើងនឹងអាចចូលរួមចំណែកធ្វើឱ្យជីវិតសហគមន៍របស់យើងកាន់តែស្រស់បំព្រង តាមរយៈការបរិច្ចាគឈាមរបស់សិល្បករសិល្បការិនីដើម្បីរួមចំណែកជួយបំពេញបន្ថែមនូវតម្រូវការឈាមក្នុងវិស័យសុខាភិបាល ។

ទន្ទឹមគ្នានេះ សិល្បករសិល្បការិនីជាច្រើនបាននាំសាទរចំពោះការចុះអនុស្សរណៈយោគយល់នេះ ហើយម្នាក់ៗប្តេជ្ញាចិត្តចូលរួមបរិច្ចាគឈាម ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យប្រជាជនចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ពីព្រោះក្នុងមួយឆ្នាំៗប្រទេស កម្ពុជា ត្រូវការឈាមជួយសង្រ្គោះជីវិតមនុស្សមិនតិចជាង ១៧ម៉ឺនប្លោក ឡើយ ៕