រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន (នៅថ្ងៃទី ១៥ មិថុនា ១៩៦) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
តាមការបញ្ជាក់របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ មន្ត្រីតំណាងកម្ពុជា នឹងប្រគល់លិខិតផ្លូវការនេះដោយផ្ទាល់ដៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។
នៅលើបណ្តាញទំនាក់ទំនងសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ពោលគឺនៅពេលលិខិតត្រូវបានចេញដំណើរ សម្តេច បានគូសបញ្ជាក់ថា «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព។»
សម្តេចបានបញ្ជាក់ថា នៅថ្ងៃ១៥ មិថុនា ១៩៦២ និងនៅថ្ងៃ១៥ មិថុនា ២០២៥ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល, កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ ទន្ទឹមនេះ សម្តេចអំពាវនាវដល់ជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ចំពោះលិខិតផ្លូវការនេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះ ដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្សិក។ នៅថ្ងៃចន្ទនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ៕
