តបនឹងភាពគន្លឹនរបស់ថៃ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ–ផ្លែឈើពីថៃតាមច្រកព្រំដែនទាំងអស់

បណ្តាច្រកព្រំដែនទាំងអស់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ បន្ទាប់ពីការដាក់កំហិតនូវឱសានវាទរយៈពេល ២៤ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់។

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ព្រមានបិទការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់របស់ថៃ។

សូមជម្រាបថា ការចាប់អនុវត្តបទបញ្ជារាជរដ្ឋាភិបាលហាមមិនឱ្យបន្លែផ្លែឈើចូលប្រទេសកម្ពុជាតាមច្រកព្រំដែនខាងលើនេះ ក្រោយពីភាគីថៃបានសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគី ដោយបើកច្រកទ្វារព្រំដែននៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល គឺមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញនោះទេ៕