ជំនួបពោរពេញដោយមិត្តភាព! កម្ពុជា–ឆេក បន្តកិច្ចសហការពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ចលើធុរកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលាពីឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី២៣ ខែកក្កដានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តម Martin Vávra ដែលបាន និងបានកោតសរសើរចំពោះការ បំពេញអាណត្តិការងារការទូតនៅកម្ពុជាប្រកបដោយជោគជ័យ យកចិត្តទុកដាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសាធារណរដ្ឋឆេក។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពី កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាកិច្ចសន្ទនាទ្វេភាគីជាទៀងទាត់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីការពន្លឿន ដើម្បីបញ្ចប់ឱ្យបានឆាប់នូវឯកសារ មួយចំនួនដែលមិនទាន់សម្រេច ក្នុងនោះ រួមមានកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ ហើយនិង កិច្ចសហប្រតិបត្តិការទេសចរណ៍ និងកសិកម្មផងដែរ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីជំរុញទំនាក់ទំនងធុរកិច្ចនិងពាណិជ្ជកម្មក្នុងន័យពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរទៀតផង។

ក្រៅពីនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍ ដ៏យូរអង្វែងរបស់សាធារណរដ្ឋឆេក ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ និងការទទួលស្គាល់កម្ពុជាជាដៃគូអាទិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ឆេក។ 

លើសពីនេះ ឯកឧត្តមបានថ្លែងកោតសរសើរខ្ពស់ចំពោះកម្មវិធីអាហារូបករណ៍ឆែក ដែលបានជួយដល់និស្សិត កម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មក ព្រមទាំងជំនួយផ្នែកវេជ្ជសាស្ត្រ ក្នុងនោះរួមទាំងការជួយដល់ មន្ទីរពេទ្យកុមារជាតិផងដែរ។

ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រាក់ សុខុន  និងស្ថាប័នផ្សេងទៀតរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធសម្រាប់ ឯកឧត្តម ក្នុងអំឡុងពេលបំពេញការងារអស់រយៈពេល៤ឆ្នាំមកនេះ។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋឆេកក្នុងការជំរុញភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជាដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ព្រមទាំងកោតសរសើរចំពោះការអភិវឌ្ឍ ដ៏ឆាប់រហ័ស និងសក្តានុពលនាពេលអនាគតរបស់កម្ពុជាផងដែរ៕

ដោយ៖ ផុន លីហ្សា