សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ថា «ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់»។

សម្តេចតេជោ រៀបរាប់ថា ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។
សម្តេចតេជោ រំលឹកថា កាលគ្រានោះ សម្ដេចយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។
បន្ថែមពីនេះ គឺយកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
សម្តេចតេជោ មានប្រសាសន៍ថា «សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ»។
សូមជម្រាបថា ថ្ងៃទី២០ ខែមិថុនានេះ គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើ ដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត៕
អត្ថបទ៖ ផុន លីហ្សា




