សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍ បានបង្កើតនូវមោទ នភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍ តិចតួចនៅចុងឆ្នាំ២០២៩។ នេះបើយោងតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមិថុនានេះ។
សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។
សហគ្រាសទាំងអស់នេះ ជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ដែលបានរួមចំណែកក្នុងការបង្កើតឱកាសការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និងការរីកចម្រើននៃវិស័យឯកជនផងដែរ។
ប្រការនេះ ទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើននិងពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប និងសេដ្ឋកិច្ចពិភពលោកដែលមានភាពមិនច្បាស់លាស់។
រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត ទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី២នេះ ដាស់នូវស្មារតី និងផ្តល់នូវសញ្ញាណ ថាមពល និងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងអស់ត្រៀមខ្លួនតម្រង់ឆ្ពោះទៅរកអនាគត សេដ្ឋកិច្ចមួយដែលរឹងមាំ រីកចម្រើន និងខ្លាំងក្លាទាំងអស់គ្នា។
សូមជម្រាបថា ទិវាជាតិលើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)»នៅចុងឆ្នាំ២០២៩៕
ដោយ៖ ផុន លីហ្សា