ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥នេះថា « កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ»។

ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអរម្មណ៍លើការប្រមូលផ្តុំការតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន។
កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។
មាតុភូមិដ៏កំសត់របស់យើងបានប្រែមុខមាត់សាថ្មី ពីប្រទេសដែលញាំញីដោយសង្រ្គាម ប្រែក្លាយជាកោះសន្តិភាព មានមុខមានមាត់ មានការទទួលស្គាល់រាប់អានពីគ្រប់ទិសទីក្នុងសហគមន៍អន្តរជាតិ។ ថ្នាក់ដឹកនាំជំនាន់មុន ដែលជាអ្នករួចពីស្លាប់នោះហើយ ដែលបានផ្តល់ជីវិតថ្មីដល់ប្រជាជនកម្ពុជារាប់លាននាក់។
ឯកឧត្តម ហ៊ុន ម៉ានី រំលឹកថា ក្រឡេកមកមើល ៤៨ ឆ្នាំក្រោយ ការសម្រេចចិត្តដ៏លំបាកកាលគ្រានោះ មិនបានបាត់ទៅជាអាសាបង់សោះឡើយ។ ពេលនេះក្តីស្រមៃ និងក្តីសង្ឃឹមដែលពុក និងអតីតថ្នាក់ដឹកនាំជំនាន់បានដាក់ជីវិតធ្វើជាដើមទុនដើម្បីសម្រេចបាន ពេលនេះបានផ្តល់ផលផ្លែផ្ការគួរជាទីមោទនៈបំផុត។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា យើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយសូមគោរព និងប្រណិប័តន៍តាមលំអាននៃគំរូវីរភាពដ៏មិហមានេះឱ្យបាន នោះគឺការការពារសន្តិភាព និងការពារសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងបានដោយលំបាកលំបិនបំផុត៕
អត្ថបទ៖ ផុន លីហ្សា


