ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ

ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ នាថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥​ ។

ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន នេះបានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។

មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ​ ភូតគាមអនាម័យ​ និងសុវត្ថិភាពយ៉ាងម៉ត់ចត់​ នូវផ្លែទុរេនស្រស់​ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។

តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ 

ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕