តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច ឯកឧត្តម Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ,មានជំនួបសម្តែងការគួរសមជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមានជំនួបទ្វេភាគី ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ។
ក្នុងជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី ។
ដំណើរទស្សនកិច្ច ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅកម្ពុជានេះ កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕
អត្ថបទ៖ ពុទ្ធិកា