ឯកអគ្គរដ្ឋទូត​ទីម័រឡេស្តេ ប្រសិទ្ធនាមសម្តេចតេជោ ថាជា«វីរបុរស​ចំពោះថ្នាក់ដឹកនាំនិងប្រជាជនទីម័រឡេស្តេ»

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិ​បតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥។

ឯកឧត្តម Marcos dos Reis da Costa បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ និងបានបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រ​ឡេ​ស្តេ ឯកឧត្តម បានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។

ឯកឧត្តម ក៏បង្ហាញក្តីរីករាយ ដែលមានកិត្តិយសបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។

ជាមួយគ្នានេះ ​ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ក្នុងខណៈពេលដែលបច្ចុប្បន្នប្រជាពលរដ្ឋទីម័រឡេស្តេម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ហេតុនេះ ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះទេ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេច ចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី សម្តេចមានមោទនភាពដែល កម្ពុជា​បន្តខិតខំប្រឹងប្រែងចលនា​ដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រឡេស្តេចូលសមាជិកពេញសិទ្ធិអាស៊ាន។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងទ្វេភាគី យើងត្រូវខិតខំបន្តជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំទីម័រឡេស្តេ សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទីម័រឡេស្តេ នឹងទទួលបានកិច្ចសហប្រតិបត្តិការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម៕