ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ។
ក្នុងខេត្តបន្ទាយមានជ័យនេះដែរ ឯកឧត្តម ឌិត ទីណា ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនេីប ដេីម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម ទីផ្សារ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន “មានហូប មានប្រេី មានបាន និងមានរហូត”។
ទាក់ទងនឹងតួនាទីភារកិច្ច មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នេីសុំការគាំទ្រពីអ្នកជំនាញក្នុងករណីចាំបាច់ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដេីមផលិត និងជំរុញកសិករផ្សារភ្ជាប់នឹង សហគមន៍កសិកម្មទំនេីប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាព៕



