រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ  កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ។

ក្នុងខេត្តបន្ទាយមានជ័យនេះដែរ ឯកឧត្តម ឌិត ទីណា ក៏បានជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ក្នុងការរក្សាលំនឹងថ្លៃកសិផល​ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយគាំទ្រ​បច្ចេកទេស​ ផលិតកម្ម​ ទីផ្សារ​ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន​ “មានហូប​ មានប្រេី​ មានបាន​ និងមានរហូត”។

ទាក់ទងនឹងតួនាទី​ភារកិច្ច មន្ត្រីកសិកម្មឃុំ​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នេីសុំការគាំទ្រ​ពីអ្នកជំនាញក្នុងករណីចាំបាច់​ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់​ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដេីមផលិត​ និងជំរុញកសិករផ្សារភ្ជាប់​នឹង សហគមន៍កសិកម្មទំនេីប​ ដែលអាចឱ្យក្រសួងកសិកម្ម​ មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច​ និងលេីកកម្ពស់ជីវភាព៕