ដើមឆ្នាំ២០២៥នេះ! ស្ត្រីខ្មែរជាច្រើននាក់ត្រូវបានអូសទាញឱ្យទៅរៀបការខុសច្បាប់នៅក្រៅប្រទេស

មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ  បានឃាត់ដំណើរឆ្លងដែនមនុស្សសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ដោយជាប់សង្ស័យពាក់ព័ន្ធករណីអំពើជួញដូរមនុស្ស នាដើមឆ្នាំ២០២៥នេះ។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ។

ក្រៅពីនេះ ជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង។ 

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរនិងស្រាវជ្រាវលម្អិត រហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចាញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ។ 

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្រ្តីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន៧៨ករណីផងដែរ៕