ពិធីការិនី និងជាតារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតារាស្រីទី៤ហើយដែលត្រៀមនឹងសម្រាលកូននៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមុននឹងសម្រាលកូនប្រុសរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ នាងនិងស្វាមីបានដឹកដៃគ្នាទៅថតរូបអនុស្សាវីរយ៍បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត មិនឱ្យចាញ់តារាបរទេសឡើយ ។

សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលគិតឬប្រាថ្នាថា ខ្លួនអាចនឹងទៅថតរូបបញ្ចេញក្បាលពោះមុនពេលសម្រាលកូនដូចជាតារា ខ្មែរ និងតារាបរទេសឡើយ ពីព្រោះនាងគឺជាសិល្បការិនីដែលអៀនច្រើន និងមិនចូលចិត្តបង្ហាញភាពសិចស៊ីឡើយ ។
ដោយឡែកបាំងតែ១សប្តាហ៍ទៀតដល់ថ្ងៃដែលស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ ។ ជាមួយគ្នានោះ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញនូវអារម្មណ៍រីករាយទៅកាន់អ្នកគាំទ្រ និងមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនអមជាមួយរូបភាពយ៉ាងស្រស់ស្អាតថា « មិនដែលគិតថាខ្លួនឯងនឹងមានរូបបែបនេះទេ ធ្លាប់តែឃើញគេថត ពេលថតហើយក៏មានអារម្មណ៍មិនធ្លាប់មានពីមុន គឺក្តីស្រឡាញ់ដ៏បរិសុទ្ធដែលកំពុងរង់ចាំជួបមុខកូននាពេលឆាប់ៗខាងមុខ » ។
តារាសម្តែងនិងជាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាសិល្បការិនីទី៤ ហើយដែលត្រៀមនឹងសម្រាលកូន នៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីតារាសម្តែង សារ៉ាយ សក្ខណា , សួស វីសា និង ភីយ៉ា …។ សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន បានជ្រើសរើសការសម្រាលកូនដោយធម្មជាតិ ប៉ុន្តែបើមានអ្វីប្រែប្រួលនៅពេលសម្រាលនាងក៏ពុំទាន់ដឹងច្បាស់ដែរថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយការវះកាត់ ។
ថ្វីដ្បិតតែត្រៀមសម្រាលកូនក្នុងពេលឆាប់ៗនេះក្តី យើងក្រឡេកមកមើលសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែស្រស់ស្អាត មិនចាញ់កាលពីនាងនៅលីវឡើយ ជាពិសេសក្នុងអំឡុងពេលកំពុងមានផ្ទៃពោះនេះ នាងទទួលបានការស្រឡាញ់ និងការថ្នាក់ថ្នមយ៉ាងខ្លាំងពីស្វាមីបណ្តូលចិត្ត ៕


