គួរឱ្យសររសើរសិល្បករសិល្បការិនីប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលមានចិត្តក្លាហានចេញមុខផ្សព្វផ្សាយក្នុងការការពារជាតិ និងការពារទឹកដី តាមរយៈបណ្តាញសង្គមដើម្បីឱ្យសាធារណជនទាំងក្នុងនិងក្រៅប្រទេស កាន់តែដឹងច្បាស់ អំពីទង្វើរអាក្រក់របស់ ថៃ មកលើដែនដី កម្ពុជា ។

នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ តារាចម្រៀងដែលបានចេញមុខផ្សព្វផ្សាយ និងចូលរួមការពារជាតិ ការពារទឹកដី តាមរយៈបណ្តាញសង្គមរួមមានកំពូលតារាចម្រៀងរួមមាន៖ ឧកញ៉ា ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក ខាន់ ជេមស៌ , លោក គូម៉ា ,លោក TEMPO TRiS ,លោក សុវត្ថិ មុនីវណ្ណ ព្រមទាំងចម្រៀងជាច្រើនទៀតផងដែរ។ តាមរយៈសាររបស់សិល្បករល្បីៗខាងលើ បានរៀបរាប់នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនមានទាំងភាសា ខ្មែរ , អង់គ្លេស , ចិន , រុស្ស៊ី , បារាំង , ជប៉ុន និង កូរ៉េ …។
ដោយឡែក ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីម្សិលមិញបានបញ្ចេញបទខ្លីក្រោមចំណងជើងថា “មនសិការជាតិខ្មែរ”ដើម្បីលើកទឹកចិត្តកងទ័ពជួរមុខផងដែរ។
តាមរយៈខ្លឹមសារដែលសិល្បករទាំងអស់រៀបរាប់នោះមានអត្ថន័យដូចខាងក្រោម « នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ប្រទេស ថៃ បានបាញ់កាំជ្រូចចំនួន៦ដំបូងចូលក្នុងដែន កម្ពុជា មុន ។ ដូច្នេះប្រទេស កម្ពុជា មានសិទ្ធដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និង អធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន » ។
បន្ទាប់ពីឃើញសិល្បករខ្មែរជាច្រើនរូបង្ហោះសារ ផ្សព្វផ្សាយពីការការពារជាតិ និងការពារទឹកដី តាមរយៈបណ្តាញសង្គម មហាជនជាច្រើនបានកោតសរសើរពីការចូលរួមរបស់សិល្បករខ្មែរយើង ៕













