រឿងព្រំដែន! កម្ពុជា បន្តប្រាប់​ឲ្យគោរពកិច្ចព្រមព្រៀង ដើម្បីបញ្ចៀ​ស​ភាព​តានតឹងឬការប៉ះទង្គិចគ្នា ខណៈថៃនៅតែបំពាន

ក្រសួងការពារជាតិកម្ពុជា បានក្រើនរម្លឹកដល់ភាគីថៃ ឲ្យត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ។

បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។

កម្ពុជា សូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។

បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

លោកជំទាវឧត្តមសេនីយ៍ឯក បានបន្តថា ចំពោះទាហានថៃ ដែលបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។ ទង្វើរនេះជាការបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។

ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ។

អ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។