ថៃរងគ្រោះទឹកជំនន់ និងការបាក់ដីនៅឧទ្យានជាតិ Phu Chi Fa ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង

នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃ ព្រមានអំពីទឹកជំនន់ និងការបាក់ដីនៅជិតឧទ្យានជាតិ Phu Chi Fa ក្នុងខេត្ត Chiang Rai បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

នាយកដ្ឋានធនធានទឹកនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៅថ្ងៃពុធនេះបានចេញសេចក្តីជូនដំណឹងសម្រាប់តំបន់ជុំវិញឧទ្យានជាតិ Phu Chi Fa ក្នុងខេត្តឈៀងរ៉ៃ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ក្នុងកម្រិត ១៣០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង និងទិន្នន័យពីរ៉ាដាអាកាសធាតុរបស់នាយកដ្ឋានឧតុនិយម ដែលបង្ហាញពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងពពកគ្របដណ្តប់ដ៏អួរអាប់។

អាជ្ញាធរ​បាន​ព្រមាន​ថា ​អាកាសធាតុ​នេះ​អាច​នាំ​ឱ្យ​មាន​ទឹកជំនន់ និង​ការ​បាក់​ដី​នៅ​តំបន់​នោះ​។ អាស្រ័យហេតុនេះ ឧទ្យានជាតិភូជីហ្វា បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរនោះ មានការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗពីនាយកដ្ឋានឧតុនិយម ដើម្បីទទួលដំណឹងអំពីស្ថានភាពអាកាសធាតុ។

ជាមួយគ្នានេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីជូនដំណឹងព្រមានអំពីទឹកជំនន់កំពុងកើនឡើង និងកំទេចកំទីនៅឃុំ Tab Tao និងឃុំ Ngaw ក្នុងស្រុក Thoeng ខេត្ត Chiang Rai ដោយសារភ្លៀងធ្លាក់ខ្លាំង និងបន្តធ្លាក់ ខណៈប្រជាពលរដ្ឋនៅតំបន់ទំនាបត្រូវបានអាជ្ញាធរជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕