ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។

ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន នេះបានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។
មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ ភូតគាមអនាម័យ និងសុវត្ថិភាពយ៉ាងម៉ត់ចត់ នូវផ្លែទុរេនស្រស់ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។
តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។
សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។
ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕




