រយៈពេល២២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង១៣០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេស សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ ។

ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់, ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់, ជនជាតិចិន ២២៦នាក់, ជនជាតិកូរ៉េ ៥៧នាក់, តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងទៀតថា រយៈពេល៣សប្តាហ៍មកនេះ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅ២០ទីតាំងផ្សេងគ្នា នៅ៧រាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់។

ជាមួយគ្នានោះ ក៏ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំងនិងជនសង្ស័យ ត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី ក្នុងនោះរាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេសផងដែរ។

ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ៖ ពុទ្ធិកា