សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព

«ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជាពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព»។ នេះបើតាមការលើកឡើងនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោម គម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ជាថ្មីម្ដងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឧទ្ទិស ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនិងរងភាពឈឺចាប់ក្នុងឧក្រិដ្ឋកម្មដែលបានកើតក្នុងរបបខ្មែរក្រហម។ ទិវានេះ ជាការរំឭកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះប្រមាណជាង ១,៧លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕