មនុស្ស ៤ស្លាប់ និង១០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នាំមកនូវល្បាប់ភក់ជាមួយនៅឥណ្ឌា

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា គ្រោះទឹកជំនន់បាននាំមកនូវល្បាប់ភក់ជាមួយបានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។

អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ 

អាជ្ញាធរឥណ្ឌាបានអះអាងថា ទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនទាហាន ១៥០នាក់ ទៅកាន់ទីក្រុង Dharali ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះបន្ទាន់នេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងសេចក្ដីថ្លែងការណ៍មួយក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះទឹកជំនន់ផងដែរ៕