លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងវ័យ៧៤ឆ្នាំ។ នេះបើតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា។

លោក Myint Swe ដែលលើកបន្តុបដោយរបបសឹកក្រោមការដឹកនាំធ្វើរដ្ឋប្រហារដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ជាប្រធានក្រុមប្រឹក្សារដ្ឋ ឲ្យឡើងកាន់តំណែងប្រធានាធិបតីស្តីទី កាលខែកុម្ភៈឆ្នាំ២០២១។
សារព័ត៌មាន AP បានផ្សាយថា មេដឹកនាំដ៏សំខាន់របបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានទទួលមរណភាពនៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានីណៃពិដោរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហានេះ។
ដំណឹងមរណភាពរបស់ប្រធានាធិបតីស្តីទីរូបនេះ ក៏ត្រូវបានការិយាល័យព័ត៌មានយោធារបស់ប្រទេសមីយ៉ាន់ម៉ា ចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា មរណភាពរបស់ លោក Myint Swe បានកើតឡើងជាងមួយឆ្នាំ បន្ទាប់ពីលោកបានប្រកាសផ្ទេរភារកិច្ចមុខងារប្រធានាធិបតី ទៅឲ្យ លោក មីន អ៊ុងឡាំង ដោយសារតែមានបញ្ហាសុខភាព។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ពិធីបុណ្យសពរបស់លោក Myint Swe នឹងធ្វើឡើងនៅកម្រិតរដ្ឋ ប៉ុន្តែកាលបរិច្ឆេទមិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយ៕
