ស្តេចថៃ នឹងយាងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន«ជាប្រវត្តិសាស្ត្រ » នាខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត

ក្រសួងការបរទេសចិន បាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ដំណើរទស្សនកិច្ចព្រះមហាក្សត្រថៃ មហាវជិរាឡុងកន ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។

ក្រសួងការបរទេសថៃ ក៏បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចព្រះមហាក្សត្រថៃនិងសម្ដេចព្រះមហាក្សត្រី នឹងជួបជាមួយលោក ស៊ី ជីនពីង និងភរិយារបស់លោក ហើយក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង ផងដែរ។

ក្រសួងការបរទេសថៃបានលើកឡើងថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងពីមិត្តភាពដ៏ស៊ីជម្រៅ និងការយោគយល់គ្នាទៅវិញទៅមក ដែលប្រទេសទាំងពីរមាននៅគ្រប់កម្រិត ហើយនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតក្នុងឆ្នាំខាងមុខ៕