ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា ដែល​លើក​បន្តុប​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុនឡាំង បានទទួលមរណភាព

លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បាន​ទទួល​មរណភាព​​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ ក្នុង​​វ័យ​​៧៤ឆ្នាំ។ នេះបើតាមបណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុងស្រុកមីយ៉ាន់ម៉ា។ 

លោក Myint Swe ​ ដែល​លើក​បន្តុប​ដោយ​របបសឹក​ក្រោម​ការ​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​​ដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ជាប្រធានក្រុមប្រឹក្សារដ្ឋ ឲ្យ​ឡើង​កាន់តំណែង​​ប្រធានាធិបតីស្តីទី ​កាលខែ​កុម្ភៈ​ឆ្នាំ​២០២១។

សារ​​ព័ត៌មាន AP បានផ្សាយ​ថា មេដឹកនាំដ៏សំខាន់​របបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានទទួលមរណភាពនៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានីណៃពិដោរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហានេះ។

ដំណឹងមរណភាពរបស់ប្រធានាធិបតីស្តីទីរូបនេះ ក៏ត្រូវបានការិយាល័យព័ត៌មានយោធារបស់ប្រទេសមីយ៉ាន់ម៉ា ចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា មរណភាពរបស់ លោក​ Myint Swe បានកើតឡើងជាងមួយឆ្នាំ បន្ទាប់ពីលោកបាន​​​ប្រកាស​ផ្ទេរ​​​ភារកិច្ច​​មុខងារប្រធានាធិបតី ទៅ​ឲ្យ​ លោក មីន អ៊ុងឡាំង​ ដោយសារ​តែ​​​​មាន​បញ្ហា​សុខភាព​។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ពិធីបុណ្យសពរបស់លោក Myint Swe នឹងធ្វើឡើងនៅកម្រិតរដ្ឋ ប៉ុន្តែកាលបរិច្ឆេទមិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយ៕