ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រទេសអារ៉ាប់រួម គឺជាទីតាំងដ៏ស័ក្តិសមបំផុតមួយសម្រាប់ជំនួបដ៏មានសក្តានុពលរវាងលោក និងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដើម្បីរកបទឈប់បាញ់បិទបញ្ចប់សង្រ្គាមរុស្សុី-អ៊ុយក្រែន។
ថ្លែងនៅឯទីក្រុងមូស្គូ ជាមួយមេដឹកនាំអារ៉ាប់រួម មហាម៉េត ប៊ីន ហ្សាយ៉េដ អាល់ ណាហៀន លោកពូទីន បាននិយាយថា លោកមានមិត្តជាច្រើនដែលមានឆន្ទៈក្នុងការជួយរៀបចំព្រឹត្តិការណ៍បែបនេះ ដោយបន្ថែមទៀតថា អារ៉ាប់រួម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួបនេះ។ បើតាមសារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។
មេដឹកនាំរុស្សុីក៏បានគូសបញ្ជាក់ថា លោកមិនជំទាស់នឹងការជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី នោះទេ ប៉ុន្តែលុះត្រាតែមានដំណើរការលើលក្ខខណ្ឌជាក់លាក់មួយចំនួនជាមុនសិន។
ការលើកឡើងរបស់ប្រធានាធិបតីរុស្សុី ធ្វើឡើងបន្ទាប់ពីជំនួយការរបស់លោក គឺលោក យូរិ យូសាកូវ បាននិយាយថា ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអាម៉េរិក អាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយ ដោយទីតាំងបានព្រមព្រៀងគ្នារួចហើយ។
ការបង្ហាញឆន្ទៈរបស់លោក ពូទី កើតឡើងបន្ទាប់ពីលោកត្រាំ បានគំរាមដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី ប្រសិនបើបទឈប់បាញ់ជាមួយទីក្រុងគីវ មិនអាចសម្រេចបានក្នុងរយៈពេល ១០ថ្ងៃ ដែលនឹងត្រូវឈានចូលដល់ឱសានវាទនៅថ្ងៃសុក្រនេះ៕
