៥គោលដៅ ចំនួន ៥,៩៥១គ្រួសារ ១៩,៤៥៦នាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម គីម រិទ្ធី

ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៥គោលដៅ ចំនួន ៥,៩៥១គ្រួសារ ស្មើ ១៩,៤៥៦នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

គិតត្រឹមថ្ងៃទី១៧ ខែសីហានេះ គឺមានរយៈពេល ២៥ថ្ងៃហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ក្រោយកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ដើម្បីស្វែងរកព្រំដែនសន្តិភាព មានប្រជាពលរដ្ឋភៀសសឹកមួយចំនួនបានវិលត្រឡប់លំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ចំនួន ៥គោលដៅ ចំនួន ៥,៩៥១គ្រួសារ ស្មើ ១៩,៤៥៦នាក់ រួមមាន៖ វត្តពោធិ៍ ៥០០០ដើម វត្តត្រាវគៀត វត្តបាក់កាំ ទួលអណ្តែត និងវត្តពើងនាគ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក ដោយបំរើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ រង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕