សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅនាយករដ្ឋមន្ត្រីស្តីទីថៃជិតផុតអាណត្តិថា ជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ការហៅយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងកាសែតថៃដែលចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។

តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៨ សីហា សម្តេចតេជោបានសរសេរក្នុងន័យដើមបែបនេះថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។
បើតាមសម្តេចតេជោ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?
