អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី ១៩សីហា២០២៥ បានអះអាងថា របបសឹកមីយ៉ាន់ម៉ាបានសម្រេចបិទ ច្រកព្រំដែនដ៏សំខាន់ជាមួយថៃតាំងពីថ្ងៃចន្ទទី១៨សីហាមកដែលបានធ្វើឱ្យប្រទេសថៃខាតបង់ថវិកាអស់ប្រមាណ ១៣០ពាន់លានបាត។

ការសម្រេចបិទច្រកអន្តរជាតិក្នុងរដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ថៃ ដោយមីយ៉ាន់ម៉ាបានរកឃើញថា ភាគីថៃលូកដៃចិញ្ចឹមចលនាសកម្មប្រយុទ្ធការ៉ែន ដែលប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។
នៅថ្ងៃទី១៨សីហា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទច្រកព្រំដែនឆ្លងទៅថៃ ក្នុងរដ្ឋKayin ទល់មុខស្រុកMae Sotថៃ មិនឱ្យយានយន្តដឹកទំនិញពាណិជ្ជកម្មនានាចេញចូល ដោយគ្មានពន្យល់អំពីមូលហេតុអ្វីទាំងអស់។ ប្រភពពីយោធាទទួលកិច្ចការព្រំដែនមីយ៉ាន់ម៉ា ច្រកព្រំដែនត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ Myawaddy បានបិទ ក្នុងបំណងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុកុំឱ្យហូរចូលទៅដល់ដៃក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា។
អាជ្ញាធរថៃកំពុងព្យាយាមចរចាជាបន្ទាន់ជាមួយរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយ។ ការសម្រេចបិទច្រកព្រំដែន Myawaddy របស់មីយ៉ាន់ម៉ាជាឯកតោភាគី ដោយគ្មានជូនដំណឹងដល់ភាគីថៃជាមុន ធ្វើឲ្យអ្នកជំនួញថៃព្រួយបារម្ភកាន់តែខ្លាំង ខ្លាចធ្វើឱ្យចរាចរណ៍ទំនិញធំៗ តាមផ្លូវគោកនិងផ្លូវទឹក ព្រមទាំងប្រព័ន្ធដោះដូរពាណិជ្ជកម្មតាមព្រំដែន ត្រូវរអាក់រអួល និងជាប់គាំងកាន់តែយូរ៕
