ត្រាំ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់​ហ្គាហ្សា នៅសេតវិមាន​ បិទសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់​ហ្គាហ្សានៅសេតវិមាន​នា​ថ្ងៃ​ពុធ​ទី​២៧​ខែ​សីហា​នេះ ពិភាក្សាអំពីផែនការថ្ងៃទៅ​មុខសម្រាប់​ទឹកដី​ដែល​កំពុង​រង​គ្រោះ​ព្រោះ​សង្គ្រាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។ 

លោក Witkoff បានប្រាប់ Fox News ថា «យើងមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន ដែលដឹកនាំដោយលោកប្រធានាធិបតី ហើយវាជាផែនការដ៏ទូលំទូលាយមួយ ដែលយើងកំពុងរួមគ្នាដើម្បីដាក់ចេញនៅថ្ងៃបន្ទាប់»។

តាមរយៈបេសកជនពិសេសរបស់អាមេរិករូបនេះ រដ្ឋាភិបាល​អាមេរិក បានបង្ហាញទំនុកចិត្តថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវបានដោះស្រាយ​នៅ​មុនដំណាច់ឆ្នាំនេះ។

សូមបញ្ជាក់ថា សង្រ្គាមដែលបង្កឡើងដោយការវាយប្រហារនៅខែតុលា​ឆ្នាំ​២០២៣ របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល បានបណ្តាល​ឲ្យ​មានអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦២,០០០​នាក់ បង្កឱ្យមានគ្រោះអត់ឃ្លាន និងការផ្លាស់ទីលំនៅទូទាំងតំបន់៕