ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាអាមេរិកអាចដាក់ពង្រាយទៅកាន់ប្រទេសនីហ្សេរីយ៉ា ឬធ្វើការវាយប្រហារតាមអាកាស ដើម្បីបញ្ឈប់នូវអ្វីដែលលោកហៅថា ការសម្លាប់គ្រិស្តបរិស័ទយ៉ាងច្រើននៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនាថ្ងៃចន្ទ ទី៣ ខែវិច្ចិកា។

នៅពេលសួរថា តើលោកគិតមើលកងទ័ពនៅលើដី ឬការវាយប្រហារតាមអាកាសនៅក្នុងប្រទេសនីហ្សេរីយ៉ា? លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “អាច.. មានន័យថា អ្វីៗផ្សេងទៀត ខ្ញុំស្រមៃមើលរឿងជាច្រើន។ ពួកគេកំពុងសម្លាប់គ្រីស្ទានចំនួនកំណត់ត្រានៅក្នុងប្រទេសនីហ្សេរីយ៉ា … ពួកគេកំពុងសម្លាប់ពួកគ្រិស្តសាសនិក ហើយសម្លាប់ពួកគេយ៉ាងច្រើន។ យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ” ។
លោក Trump បាននិយាយយ៉ាងដូច្នេះធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលលោកបានធ្វើដំណើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីចុងសប្តាហ៍នៅឯផ្ទះរបស់លោកក្នុងរដ្ឋផ្លរីដា។
ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃសៅរ៍លោក Trump បានគំរាមថានឹងចាត់វិធានការយោធាប្រឆាំងនឹងនីហ្សេរីយ៉ា ប្រសិនបើប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកបរាជ័យក្នុងការបង្ក្រាបការសម្លាប់ពួកគ្រីស្ទាន។
ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះសកម្មភាពយោធាបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោកបានបន្ថែមប្រទេសនីហ្សេរីយ៉ាទៅក្នុងបញ្ជី “បណ្តាប្រទេសដែលមានការព្រួយបារម្ភជាពិសេស” ដែលសហរដ្ឋអាមេរិកនិយាយថា បានរំលោភលើសេរីភាពសាសនា។ ចំណែកឯប្រទេសផ្សេងទៀតនៅក្នុងបញ្ជីរួមមាន ចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង រុស្ស៊ី និងប៉ាគីស្ថាន៕




