គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ជនភៀសសឹកបានជម្លៀស មកទីសុវត្តិភាព និងស្នាក់នៅសាច់ញ្ញាតិសរុបចំនួន ៦,៨៣៧គ្រួសារ ស្មើនិងចំនួន ២២,៤៤១នាក់, ដែលមានខេត្តចំនួន ៤ រួមមាន ព្រះវិហារ, ឧត្តរមានជ័យ, សៀមរាប, និង បន្ទាយមានជ័យ ។ នេះបើតាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រួសារភៀសសឹករស់នៅ ទីសុវត្តិភាពមានគ្រួសារសរុបចំនួន៥,៤៩៣គ្រួសារ ស្មើនិងមនុស្សរាយ១៧,៨៥២ នាក់។ ដោយឡែក ជនភៀសសឹករស់នៅសាច់ញាតិមានគ្រួសារចំនួន ១,៣៤៤គ្រួសារ ស្មើនិងមនុស្សរាយចំនួន៤,៥៨៩នាក់ ។ គិតត្រឹមដើមខែកញ្ញានេះ ក៏មានជនភៀសសឹកត្រលប់ទៅគេហដ្ឋានវិញចំនួន ១,២២៥គ្រួសារ ។
ទន្ទឹមនឹងមានពលរដ្ឋភៀសសឹកមួយចំនួន បានវិលត្រឡប់ទៅលំនៅឋានវិញ រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅបន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារគ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំងជំងឺ បន្តទទួល និងបែងចែកអំណោយរបស់ក្រសួង ស្ថាប័ន និងសប្បុរសជននានា ជូនដល់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជាបន្ត។ លើសពីនេះ រដ្ឋបាលខេត្ត នៅបន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងប្រជាការពារ ល្បាតការពារនៅតាមភូមិ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិនៅតាមផ្ទះប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹកដែលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានឲ្យបានជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មានទាំងឡាយពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីធានាពីសុខសុវត្ថិភាព៕




