លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលលើសំណើរសុំរំលាយសភាតំណាងរាស្រ្ត បន្ទាប់ពីច្រានចោលសំណើរពីក្រុមប្រឹក្សាព្រះមហាក្សត្រថៃ កាលពីល្ងាចថ្ងៃទី៣ សីហា។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើហ្វេសប៊ុក លោក Phumtham បានពន្យល់ថា សេចក្តីព្រាងព្រះរាជក្រឹត្យរំលាយសភាត្រូវបានដាក់ជូនក្រុមប្រឹក្សាព្រះមហាក្សត្រថៃដើម្បីពិនិត្យនៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងពីកង្វល់អំពីបញ្ហាផ្លូវច្បាប់ដែលមិនទាន់ដោះស្រាយ ជាពិសេសទាក់ទងនឹងសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទីក្នុងការដាក់សំណើបែបនេះ។ ជាលទ្ធផល សំណើនេះមិនត្រូវបានចាត់ទុកថា គ្រប់គ្រាន់សម្រាប់ការដាក់ថ្វាយព្រះមហាក្សត្រនៅពេលនេះទេ។
លោក Phumtham បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តតាមនីតិវិធីច្បាប់ និងរក្សានីតិរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់រដ្ឋាភិបាលនៅតែរក្សាអំណាចជូនប្រជាពលរដ្ឋវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
គួរឲ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រដ្ឋសភាថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយតុលាការធម្មនុញ្ញថៃ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហាឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕
