នាយករដ្ឋមន្ត្រីស្តីទីថៃ បញ្ជាក់ជំហររដ្ឋាភិបាលលើសំណើរសុំរំលាយសភាតំណាងរាស្រ្ត

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលលើសំណើរសុំរំលាយសភាតំណាងរាស្រ្ត បន្ទាប់ពីច្រានចោលសំណើរពីក្រុមប្រឹក្សាព្រះមហាក្សត្រថៃ កាលពីល្ងាចថ្ងៃទី៣ សីហា។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក លោក Phumtham បាន​ពន្យល់ថា សេចក្តីព្រាង​ព្រះរាជក្រឹត្យ​រំលាយ​សភាត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រថៃដើម្បី​ពិនិត្យ​នៅ​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៥​។

ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បានលើកឡើងពីកង្វល់អំពីបញ្ហាផ្លូវច្បាប់ដែលមិនទាន់ដោះស្រាយ ជាពិសេសទាក់ទងនឹងសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទីក្នុងការដាក់សំណើបែបនេះ។ ជា​លទ្ធផល សំណើ​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ គ្រប់គ្រាន់​សម្រាប់​ការ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​ទេ។

លោក Phumtham បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តតាមនីតិវិធីច្បាប់ និងរក្សានីតិរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់រដ្ឋាភិបាលនៅតែរក្សាអំណាចជូនប្រជាពលរដ្ឋវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រដ្ឋសភាថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយតុលាការធម្មនុញ្ញថៃ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហាឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕