អគ្គបញ្ជាការដ្ឋាន បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្សី ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ»

អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៤ ខែកញ្ជា បានធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។

យោងតាមលិខិតមួយទំព័ររបស់អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី និងពិការ ដើម្បីការពារជាតិមាតុភូមិ។

កងយោធពលខេមរភូមិន្ទ ក៏បានបដិសេធទាំងស្រុងនិងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណង បំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អគ្គបញ្ជាការដ្ឋាន ក៏បញ្ជាក់ផងដែរថា ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។

ទន្ទឹមគ្នានេះ អគ្គបញ្ជាការដ្ឋាន បានថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើស ព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក៕