មនុស្ស ១៩នាក់ស្លាប់នៅប្រទេសនេប៉ាល់ក្នុងការតវ៉ាជុំវិញអំពើពុករលួយ និងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់នៅក្នុងទីក្រុងចំនួន ២ កាលពីថ្ងៃចន្ទនៅក្នុងការតវ៉ាដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ខណៈដែលប៉ូលីសនៅក្នុងរដ្ឋធានីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាដោយកំហឹងចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ៍។

មន្ត្រីក្នុងតំបន់បាននិយាយថា បាតុករមួយចំនួនដែលភាគច្រើនជាយុវជនបានចូលទៅក្នុងអគារសភាក្នុងទីក្រុង Kathmandu ដោយទម្លុះរបាំង ដុតរថយន្តសង្គ្រោះបន្ទាន់ និងគប់ដាក់ទៅប៉ូលិសដែលយាមសភា។

មន្ត្រីប៉ូលិស Shekhar Khanal បានប្រាប់ Reuters ថា មនុស្សជាង ១០០នាក់ រួមទាំងបុគ្គលិកប៉ូលីស ២៨ នាក់កំពុងទទួលការព្យាបាល ហើយបាតុករ​កំពុង​ជិះ​ម៉ូតូ​ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យនៅក្នុងការបាតុកម្មដ៏ធំបំផុតរបស់នេប៉ាល់។

នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Sharma Oli បានហៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ ដើម្បីពិភាក្សាពីភាពចលាចលដែលបានផ្ទុះឡើង បន្ទាប់ពីយុវជនរាប់ពាន់នាក់ រួមទាំងនិស្សិតបានដើរតាមផ្លូវកាលពីថ្ងៃចន្ទ។

ក្រុមបាតុករ បាននិយាយថា ការតវ៉ានេះឆ្លុះបញ្ចាំងពីការខកចិត្តយ៉ាងខ្លាំងរបស់យុវជនចំពោះកង្វះសកម្មភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយអំពើពុករលួយ និងជំរុញឲ្យមានឱកាសសេដ្ឋកិច្ច។

អ្នក​តវ៉ា​ក៏ប្រកាសក្តែងៗ​ថា​ នេះ​ជា​ការ​តវ៉ា​របស់​មនុស្ស​ជំនាន់​ថ្មី​ក្នុង​ប្រទេស​នេប៉ាល់៕