សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនមានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំភ្លឺដោយឆ្លើយតបទៅនឹងចម្ងល់ថា តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? សម្តេចធិបតីបញ្ជាក់យ៉ាងខ្លី គឺគ្មានទេ។

សម្តេចពន្យល់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។

ការចេញមកបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃអង្គារ៍នេះ ធ្វើឡើងឆ្លើយតបទៅស្ថានការណ៍មួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។

សូមជម្រាបជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជានឹងធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាមុន ដោយប្រើពេលអស់ ៥ថ្ងៃប្រយុទ្ធគ្នានៅតាមបន្ទាត់ព្រំដែន រហូតមដល់ថ្ងៃទី២៨ ខែកក្កដា ទើបទទួលបានបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី៕