នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា មិនថា លោកថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ គឺពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលលោក ថាក់ ស៊ីន ឬ លោកស្រី យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា លោក ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោបែបនេះ ធ្វើឡើងក្រោយឃើញសារព័ត៌មានចុះផ្សាយថា លោក ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញញ្ជាក់ថា ទោះបីជា សម្តេចនិងលោក ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏សម្តេចត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់លោក ថាក់ ស៊ីន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ថាក់ ស៊ីន និងសម្តេច មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។
ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍ទាំងកម្ពុជា និងថៃ ត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕
អត្ថបទ៖ ពុទ្ធិកា
