អតីតប្រធានាធិបតីបារាំង សាកូហ្ស៊ី ត្រូវបានតុលាការក្រុងប៉ារីស សម្រេចឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ

តុលាការក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានកាត់ទោសអតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានទោសក្នុងបទឧក្រិដ្ឋឃុបឃិតគ្នាលើគម្រោងយកមូលនិធិពីប្រទេសលីប៊ី មកប្រើសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០០៧។ នេះបើតាមសារព័ត៌មាន CNN ។

គួរឲ្យដឹងថា ការដែលតុលាការក្រុងប៉ារីស សម្រេចសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បានធ្វើឲ្យលោក សាកូហ្ស៊ី ក្លាយជាអតីតប្រធានាធិបតីទី១នៃប្រទេសបារាំងសម័យទំនើប ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពិតប្រាកដ។ 

ក្នុងសេចក្តីសម្រេចតុលាការបារាំងបានសម្រេចថា លោក នីកូឡា សាកូហ្ស៊ី មានវ័យ ៧០ឆ្នាំនឹងត្រូវឃុំខ្លួន ទោះបីជាលោកមានបំណងប្ដឹងឧទ្ធរណ៍ក៏ដោយ។ 

តុលាការបានលើកឡើងថា កាលបរិច្ឆេទនៃការដាក់ពន្ធនាគាររបស់លោកនឹងត្រូវកំណត់នៅពេលក្រោយ៕