នីហ្សេរីយ៉ា រៀបចំពិធីបុណ្យបញ្ចុះសពអតីតមេដឹកនាំលោក Buhari 

អតីតប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammad Buhari ត្រូវបានបញ្ចុះកាលពីថ្ងៃអង្គារនៅក្នុងទីធ្លាផ្ទះរបស់លោកនៅភាគខាងជើងរដ្ឋ Katsina ខណៈដែលអ្នកស្រុកបានឡើងដើមឈើដើម្បីលាជាលើកចុងក្រោយ។

លោក Buhari បានគ្រប់គ្រងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកចន្លោះឆ្នាំ២០១៥ និង ២០២៣ ហើយបានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំនៅក្នុងមន្ទីរពេទ្យទីក្រុងឡុងដ៍។

នៅទីក្រុង Daura ដែលជាទីកំណើតរបស់លោក Buhari អ្នកគាំទ្របានស្រែកថា “Sai Baba” ដែលជាឈ្មោះដ៏គួរឱ្យស្រលាញ់ ខណៈពេលដែលពួកគេព្យាយាមប៉ះមឈូសចុងក្រោយរបស់លោក Buhari ដែលត្រូវបានបញ្ចុះក្នុងដី។

មឈូសដែលស្រោបដោយពណ៌ជាតិស និងបៃតងរបស់ប្រទេសនីហ្សេរីយ៉ា បានមកដល់អាកាសយានដ្ឋានក្នុងទីក្រុង Katsina ហើយត្រូវបានទទួលដោយប្រធានាធិបតី Bola Tinubu មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋក្នុងសម្លៀកបំពាក់ប្រពៃណីមូស្លីម។

អតីតប្រធានាធិបតីរូបនេះ ត្រូវបានផ្តល់កិត្តិយសរៀបចំក្បួនដង្ហែរយោធា និងកាំភ្លើង ២១ ដើមនៅអាកាសយានដ្ឋាន មុនពេលសាកសពរបស់លោកត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Daura ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ។

គួរឲ្យដឹងថា ក្រោយឡើងកាន់អំណាចជាលើកដំបូងនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងនាមជាមេដឹកនាំយោធា បន្ទាប់ពីការធ្វើរដ្ឋប្រហារ លោក Buhari បានត្រលប់មកវិញក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ នៅពេលដែលលោកបានផ្តួលលោក Goodluck Jonathan ដែលជាអ្នកកាន់អំណាចក្នុងឆ្នាំ២០១៥ ៕