ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំភ្លឺថា កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី កំលាំងនគរបាលរដ្ឋបាលពោធិ៍រង្គង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ៥នាក់ បានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំពោធិ៍អង្ក្រង លុះមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់និងបានព្យាយាមបើកគេចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុល បុកលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុកចំអាវុធAK47 បណ្តាលឱ្យរាលកៃផ្ទះចំឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យជនរងគ្រោះស្លាប់ ។
ក្រោយហេតុការណ៍ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បានគោរពរាយការណ៍ភ្លាមៗទៅ លោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនា និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញ ភារកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ក្រោយកើត ហេតុ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បាននាំខ្លួនលោកអនុសេនីយ៍ឯក នាំខ្លួនលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិ៍អង្គង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធី សាកសួរនិងស្នើសុំគោលការណ៍ថ្នាក់ ដឹកនាំចំណាត់ការតាមផ្លូវច្បាប់ចំពោះសកម្មភាពដែលបានបង្កឱ្យជនរងគ្រោះបាត់បង់អាយុជីវិត ។
ជាថ្មីម្តងទៀត ស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ចំពោះ ករណីលោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការដ្ឋាននគរបាលខេត្តនិងធ្វើការដោយភាពយុត្តិធម៌នឹងធានាផ្តល់ការ ជឿជាក់ដល់ក្រុមគ្រួសារជនរងគ្រោះ៕