អស់ប៉ុន្មានមិនខ្វល់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ត្រៀមរថយន្តក្រុង៤គ្រឿងដឹកអ្នកគាំទ្រ និង ៣០វ៉ាលី សម្រាប់ការចេញទៅប្រកួត Miss Universe លើកទី៧៤

មិនខ្វល់អ្វីទាំងអស់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ឱ្យកក្រើកឆាកបវរកញ្ញាម្តងហើយពេលនេះ ដោយបានត្រៀមរថយន្តក្រុង៤គ្រឿងសម្រាប់ដឹកអ្នកគាំទ្រទៅព្រលានយន្តហោះអន្តរជាតិតេជោដោយផ្ទាល់ និងត្រៀម ៣០វ៉ាលី សម្រាប់ការប្រកួត Miss Universe លើកទី៧៤ ។ 

បើតាមគម្រោង ហ្វីយ៉ាតា នឹងត្រៀមហោះហើរចេញទៅប្រកួត Miss Universe លើកទី៧៤ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៥នាប៉ុន្មានថ្ងៃខាងមុខនេះ ។ មុនពេលឡើងយន្តហោះ ហ្វីយ៉ាតា បានប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រខ្លួនថា « ដំណើររបស់នាងខ្ញុំឆ្ពោះទៅកាន់ចក្កវាឡ ចូលមកដល់កាន់តែកៀកហើយ ប៉ុន្តែដំណើរនេះមិនអាចធ្វើទៅបានដោយគ្មានអ្នកទាំងអស់គ្នាឡើយ ។ ការគាំទ្ររបស់អ្នកទាំងអស់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់នាងខ្ញុំក្នុងពេលនេះ ក្នុងនាមជាអ្នកតំណាងប្រទេស កម្ពុជា ទៅកាន់ឆាកអន្តរជាតិ Miss Universe លើកទី៧៤ » ។ 

ជាមួយគ្នានោះ ហ្វីយ៉ាតា មានក្តីរំពឹងខ្ពស់ក្នុងការនាំកម្ពុជាចូលទៅកាន់ Top សំខាន់ៗសម្រាប់ការប្រកួត Miss Universe លើកទី៧៤ ។ ហ្វីយ៉ាតា ថែមទាំងបាននិយាយថា សូមចូលរួមផ្តល់កម្លាំងចិត្តនិងក្តីស្រឡាញ់ឱ្យបានច្រើនកុះករ ជូនដំណើរនាងទៅកាន់ឆាកអន្តរជាតិនៅថ្ងៃ អាទិត្យ ទី២ ខែ វិច្ឆិកាឆ្នាំ ២០២៥ ម៉ោង ៩ព្រឹកនៅព្រលានយន្តហោះអន្តរជាតិតេជោ ។ សម្រាប់ពុកម៉ែបងប្អូននិង FanFan ដែលមិនមានមធ្យោបាយធ្វើដំណើរក្រុមការងារបានរៀបចំរថយន្តក្រុង៤គ្រឿងចតចាំអ្នកទាំងអស់គ្នានៅកោះពេជ្រ ។ 

អ្វីដែលកាន់តែពិសេសនោះគឺ ហ្វីយ៉ាតា បានត្រៀមវ៉ាលីរហូតដល់ទៅ៣០វ៉ាលី ជាមួយឈុតសម្លៀកបំពាក់រហូតដល់ទៅ៦៣ឈុតដើម្បីបង្ហាញនៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្តែថ្ងៃចេញដំណើរ ហ្វីយ៉ាតា យកទៅត្រឹមតែ២០វ៉ាលីទៅមុន ចំណែក១០វ៉ាលីទៀតនឹងបញ្ជូនតាមអ្នករៀបចំទៅតាមក្រោយ ។

ហ្វីយ៉ាតា សុំលេងឈុតធំហើយពេលនេះ អស់ប៉ុន្មាននាងមិនខ្វល់ឡើយ ៕