ក្រសួងការបរទេសអាមេរិក ជំរុញឲ្យថៃបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមទៀតអំពីឧបទ្ទវហេតុផ្ទុះមីនបណ្តាឲ្យទាហានថៃរងរបួស ហើយបានជំរុញឱ្យប្រទេសទាំងពីរកម្ពុជា-ថៃ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ការចេញមុខជំរុញឲ្យភាគីទាំងពីរ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយថ្នាក់ដឹកនាំប្រទេសថៃ ប្រកាសព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ដែលគ្របដណ្តប់លើការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងការប្រគល់ខ្លួនទាហាន ១៨នាក់មកកម្ពុជាវិញ។ 

ការចុះហត្ថលេខាលើសេចកី្តប្រកាសរួមនេះ បានធ្វើឡើងនៅនៅប្រទេសម៉ាឡេស៊ី ដែលមានវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។

កាលពីថ្ងៃអង្គារ ប្រទេសថៃបានប្រកាសថា ឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា មួយថ្ងៃបន្ទាប់ពីការផ្ទុះមីន ដែលបានបណ្តាលឱ្យទាហានថៃម្នាក់ពិការ។ រដ្ឋាភិបាលថៃបានចោទប្រកាន់កម្ពុជាថា បានបង្កប់មីនថ្មី ដោយបានធ្វើឱ្យទាហានថៃរងរបួសក្នុងហេតុការណ៍ផ្ទុះ កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។

ឆ្លើយតបទៅនឹងការចោទរបស់ភាគីថៃ ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបង្កប់មីនថ្មី ហើយកម្ពុជាក៏បានជំរុញឱ្យថៃជៀសវាងការល្បាតនៅក្នុងតំបន់មីនចាស់ សល់ពីសម័យសង្គ្រាមផងដែរ៕