ចិន អញ្ជើញមេដឹកនាំពិភពលោក រួមទាំងកូរ៉េខាងជើង រុស្សុី ចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមានវត្តមានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីប្រារព្ធខួប៨០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ នេះបើតាមការបញ្ជាក់របស់ឧបការីរដ្ឋមន្ត្រីការបរទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Hong Lei ឧបការីរដ្ឋមន្ត្រីការបរទេសចិន បានប្រកាសពីវត្តមានចូលរួមរបស់មេដឹកនាំមកពីប្រទេសចំនួន ២៦ ក្នុងនោះរួមមាន៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី, លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស, លោក Masoud Pezashkian ប្រធានាធិបតីអ៉ីរ៉ង់ , លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និងប្រធានសភាជាតិកូរ៉េខាងត្បូង លោក Woo Won-shik នឹងត្រូវចូលរួមក្នុងពិធីព្យុហយាត្រាអបអរទិវាជ័យជម្នថ្ងៃទី៣ ខែកញ្ញា។ 

ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី២៨ ខែសីហានេះថា ព្យុហយាត្រាយោធាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា នឹងក្លាយជាឱកាសដែលចិនបង្ហាញពីការកើនឡើងអំណាចយោធា និងទំនាក់ទំនងការទូតរឹងមាំរបស់ខ្លួនជាមួយរុស្ស៉ី និងបណ្ដាប្រទេស Global South។ ក្នុងថ្ងៃនោះដែរ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងចុះត្រួតពិនិត្យកងទ័ពរាប់សែននាក់នៅឯទីលាន Tiananmen រួមជាមួយថ្នាក់ដឹកនាំបរទេស និងថ្នាក់ដឹកនាំកំពូលៗរបស់ចិន ខណៈចិន ត្រូវបានរំពឹងថានឹងសម្ញែងអាវុធទំនើបចុងក្រោយបំផុតរបស់ខ្លួន ដូចជាយន្ដហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស និងអាវុធល្បឿនលឿនជាងសំឡេងជាដើម៕