ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នដើម្បីបើកដំណើរការដ្ឋាភិបាលសហព័ន្ធឡើងវិញ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានបោះឆ្នោតអនុម័តសម្រាប់រដ្ឋាភិបាលសហព័ន្ធដែលនឹងនាំទៅរកការបិទបញ្ចប់វិបត្តិកញ្ចប់ថវិកា ឬ shutdown អូសបន្លាយពេលយូរបំផុតដល់ទៅ ៤៣ថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងធ្វើឱ្យបុគ្គលិករដ្ឋជាច្រើនគ្មានប្រាក់ខែបើក។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតនៅឯសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នទទួលបានការគាំទ្រពីសមាជិកសភាតំណាងរាស្ត្រ ២២២នាក់ ក្នុងនោះរួមមានសមាជិកសភាតំណាងរាស្ត្រ ៦នាក់មកពីគណបក្សប្រជាធិបតេយ្យ ខណៈ ២០៩នាក់ក្នុងនោះមានសមាជិកសភាតំណាងរាស្ត្រ ២រូបមកពីបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំង។
លោក ត្រាំ បានថ្លែងថា៖ «ប្រទេសរបស់យើងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ យើងត្រូវតែស៊ូទ្រាំទៅនឹងគ្រោះមហន្តរាយក្នុងពេលដ៏ខ្លីនេះ ពីព្រោះពួកប្រជាធិបតេយ្យគិតខុសថាពួកគេនឹងទទួលបានអត្ថប្រយោជន៍នយោបាយ។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើច្បាប់នេះ ដើម្បីឱ្យប្រទេសរបស់យើងបើកដំណើរការឡើងវិញ»។
គួរឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាដែលប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាជាមួយកញ្ចប់ថវិកា សម្រាប់ការចាយវាយលើកញ្ចប់ចំណាយទៅនឹងផ្តល់មូលនិធិការការពារជាតិ អត្ថប្រយោជន៍អតីតយុទ្ធជន កម្មវិធីក្រសួងកសិកម្ម និងប្រតិបត្តិការរបស់សភារហូតដល់ថ្ងៃទី៣០ ខែមករា នៅឆ្នាំក្រោយ៕


