មេដឹកនាំអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ការធានាទាំងនេះរបស់មេដឹកនាំអឺរ៉ុប ត្រូវបានហៅថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ដោយរំពឹងថានឹងរួមបញ្ចូលទាំងការបង្កើនការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពដោយរដ្ឋអឺរ៉ុបមួយចំនួន ដែលជាចំណុចធ្វើឲ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង។
គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីបង្ហាញឲ្យឃើញថា អឺរ៉ុបអាចធ្វើសកម្មភាពដោយឯករាជ្យពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ជាការឆ្លើយតប រុស្ស៊ីបានរិះគន់ចំអកចំពោះការធានាបែបនេះ ហើយលោក ពូទីន ផ្ទាល់បាននិយាយថា ទីក្រុងមូស្គូត្រៀមខ្លួនរួចរាល់ហើយក្នុងការដោះស្រាយរាល់ភារកិច្ចរបស់ខ្លួនតាមមធ្យោបាយយោធាក្នុងករណីគ្មានកិច្ចព្រមព្រៀង។
គួរឲ្យដឹងផងដែរថា ក្រុមចម្រុះនៃប្រទេសមានឆន្ទៈនេះ មានប្រហែល ៣០ប្រទេស ដែលភាគច្រើនជាប្រទេសអឺរ៉ុប។ សហរដ្ឋអាមេរិកត្រូវបានតំណាងដោយបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff ហើយកិច្ចប្រជុំកំពូលនេះនឹងត្រូវបន្តដោយការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ផងដែរ៕
