កងទ័ពជើងទឹករុស្ស៊ី និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នាឈ្មោះ «Marumex-2025» នៅសមុទ្រ Andaman ប្រកបដោយជោគជ័យ។ ការចាប់ផ្តើមនៃសមយុទ្ធយោធានេះត្រូវបានធ្វើឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។

ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូឃើញមាននាវាចម្បាំងជាច្រើនបានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយមានការបាញ់កាំភ្លើងធំ ការបើកនាវាក្នុងទម្រង់ជិតគ្នា និងប្រតិបត្តិការបាញ់គ្រាប់ពិតរួមជាមួយនឹងប្រតិបត្តិការឧទ្ធម្ភាគចក្រ។ ក្នុងនោះ នាវាមុជទឹក Minye Theinkhathu របស់មីយ៉ាន់ម៉ា និងនាវាចម្បាំង Muttama ក៏បានចូលរួមដែរ។
បើតាមសារព័ត៌មាន Anews អំឡុងសមយុទ្ធនេះ ភាគីទាំងពីរបានអនុវត្តការហ្វឹកហ្វឺនសំខាន់ៗ រួមមាន៖ ការហ្វឹកហ្វឺនទំនាក់ទំនង ការបើកនាវាជាក្បួននៅពេលថ្ងៃនិងពេលយប់ ការបាញ់ប្រហារទៅលើគោលដៅទាំងអាកាស និងសមុទ្រ និងការពារប្រឆាំងយន្តហោះដ្រូន។
ក្រៅពីនេះ ក៏នៅមានឈុតឆាកជួយសង្គ្រោះនាវាដែលរឹបអូសដោយក្រុមចោរសមុទ្រទៀតផង។







