ថ្លែងចេញពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ UN ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ដោយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានបំណងពង្រីកសង្គ្រាមឲ្យលើសពីព្រំដែនអ៊ុយក្រែន។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ការថ្លែងសារនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា សង្គ្រាមនេះបានរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រ។
លោកបានសង្កត់ធ្ងន់ថា ការពិតគឺសាមញ្ញណាស់ ការបញ្ឈប់សង្គ្រាមនេះ។ គឺចំណាយតិចជាងការដែលត្រូវសាងសង់សាលាមត្តេយ្យក្រោមដី ឬលេនដ្ឋានធំៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយ។
នៅចំពោះមុខប្រមុខ UN លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនបានសម្រេចចិត្តចាប់ផ្តើមនាំចេញអាវុធរបស់ខ្លួនទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្ត។
លោកបានថ្លែងបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកអាវុធទំនើបរបស់យើង ដើម្បីពង្រឹងសន្តិសុខរបស់អស់លោក។ យើងបានសម្រេចចិត្តបើកការនាំចេញអាវុធ ហើយទាំងនេះគឺជាប្រព័ន្ធដ៏មានឥទ្ធិពលដែលត្រូវបានសាកល្បងនៅក្នុងសង្គ្រាមជាក់ស្តែង»៕
