នៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែវិច្ឆិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជារាជរដ្ឋាភិបាល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា បានរួមគ្នាជាសហថាមពល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងសំណង់សាធារណៈចំបាច់នានា ដូចជា ផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្ដូងទឹក បណ្ដាញអគ្គិសនី សេវាអ៊ីនធឺណែត ដើម្បីផ្ដល់ជូននូវសេវាសាធារណៈចាំបាច់ជូនពួកគាត់តាមសេចក្ដីត្រូវការ។
ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រវែងសរុប ៥៩,៥០ គ.ម, សំណង់សិល្បការ្យចំនួន ១៨២កន្លែង និងសាងសង់អណ្តូងស្នប់ចំនួន ១១អណ្តូង ។
លើសពីនេះទៀត ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សំណង់សិល្បការ្យ និងចូលរួមជួយបណ្តុះបណ្តាលជំនាញ បំណិនជីវិត ព្រមទាំងផ្ដល់គ្រាប់ពូជដំណាំ ជូនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីធានាការរួមចំណែកធ្វើឱ្យមានការកើនឡើងនូវប្រាក់ចំណូលក្នុងគ្រួសារនីមួយៗ។
គួរបញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។






